ក្នុងកំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រី Michelle Chan រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានទៅទស្សនកិច្ចនៅសហគ្រាសក្នុងស្រុក KEBORAN កេរបុរាណ ដែលទីនោះ ការគាំទ្ររបស់អូស្ត្រាលីកំពុងជួយអភិវឌ្ឍអាជីវកម្មនានាដែលដឹកនាំដោយជនមានពិការភាព។ តាមរយៈជំនួយឧបត្ថម្ភរបស់ប្រទេសអូស្ត្រាលី នាពេលបច្ចុប្បន្ននេះ សហគ្រាស កេរបុរាណ អាចជួលបុគ្គលិកបន្ថែម និងវិនិយោគលើប្រព័ន្ធថាមពលព្រះអាទិត្យ ដែលនឹងជួយបង្កើនសមត្ថភាពផលិតកម្មរហូតដល់ទៅបីដង។
លោកស្រីរដ្ឋលេខាធិការ Michelle Chan បានស្វែងយល់ពីសមិទ្ធផលការងាររបស់មូលនិធិ The Fred Hollows Foundation ដែលជាអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលីមួយ បានធ្វើប្រតិបត្តិការនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ មក ដើម្បីលើកកម្ពស់សុខភាពភ្នែក និងរួមចំណែកលុបបំបាត់ភាពពិការភ្នែកដែលអាចជៀសវាងបាន។ លោកស្រីក៏បានទទួលស្តាប់ការចែករំលែកពីប្រជាពលរដ្ឋទទួលផលអំពីរបៀបដែលការគាំទ្ររបស់អូស្ត្រាលី កំពុងជួយពង្រឹងការបណ្តុះបណ្តាលសម្រាប់មន្ត្រីជំនាញសុខាភិបាល និងលទ្ធភាពទទួលបានការថែទាំភ្នែកប្រកបដោយគុណភាព។
កិច្ចសហប្រតិបត្តិការភាពជាដៃគូទាំងអស់នេះ កំពុងរួមគ្នាជួយកសាងប្រទេសកម្ពុជាមួយ ឲ្យកាន់តែមានបរិយាបន្ន មានសុខភាពល្អ និងមានភាពរីកចម្រើន។