ប្រទេសអូស្ត្រាលីផ្តល់អាទិភាពលើសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) នៅរាល់គ្រប់កិច្ចសហការទាំងអស់ជាមួយនឹង ភាគីនានា ដូចជារាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
កាលពីសប្តាហ៍មុន កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធលើវិធីសាស្រ្ត GEDSI ដោយមានសិក្ខាកាមចូលរួមប្រមាណជាង 60 រូប ដើម្បីកំណត់ដៃគូដែលមានសក្តានុពល និងកសាងបណ្តាញទំនាក់ទំនង ដើម្បីសម្រេចបាននូវកំណើនប្រកបដោយបរិយាបន្នបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
សិក្ខាកាមដែលចូលរួម បានចែករំលែកបទពិសោធន៍ និងបានរៀនសូត្រពីគ្នាទៅវិញទៅមកអំពីការដាក់បញ្ចូល ឬការលើកកម្ពស់ GEDSI នៅក្នុងវិស័យផ្សេងៗគ្នារបស់ពួកគេ និងវិធីសាស្រ្តក្នុងការសហការគ្នាក្នុងគោលដៅបង្កើនលទ្ធផលឱ្យខ្ពស់បំផុត ជៀសវាងការធ្វើការងារជាន់គ្នា និងប្រើប្រាស់ធនធានឱ្យល្អបំផុតក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
CAPRED គឺជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីរបស់ប្រទេសអូស្ត្រាលី មានថវិកាចំនួន ៨៧ លានដុល្លារអូស្ត្រាលី ដែលក្នុងនោះ GEDSI ត្រូវបានដាក់បញ្ចូលទៅគ្រប់សកម្មភាពទាំងអស់។ CAPRED មានគោលបំណងសហការជាមួយស្ថាប័នពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាល និងតួអង្គសំខាន់ៗផ្សេងទៀត សំដៅជួយកម្ពុជាក្នុងការកសាងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។
