កម្ពុជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងលើអន្តរកាលថាមពលស្អាត ដោយមានគោលដៅបង្កើនថាមពលកកើតឡើងវិញឱ្យបានរហូតដល់៧០ភាគរយ នៃសមត្ថភាពផលិតថាមពលក្នុងស្រុកទាំងអស់នៅត្រឹមឆ្នាំ ២០៣០។
ដើម្បីសម្រេចគោលដៅនេះ ត្រូវមានការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាថាបណ្តាញអគ្គសនីជាតិនៅតែមានស្ថេរភាព មានទំនុកចិត្ត និងមានតម្លៃសមរម្យ។ អូស្ត្រាលីគឺជាប្រទេសនាំមុខគេផ្នែកថាមពលកកើតឡើងវិញ ដែលមានសមត្ថភាពផលិតថាមពលសូឡាតាមមនុស្សម្នាក់បានយ៉ាងខ្ពស់ ពោលគឺស្ថិតនៅក្នុងចំណោមប្រទេសដែលផលិតថាមពលសូឡាខ្ពស់បំផុតក្នុងពិភពលោក។
តាមរយៈកម្មវិធី CAPRED អូស្ត្រាលីកំពុងគាំទ្រដល់ការបណ្តុះបណ្តាលបច្ចេកទេសអំពីការវាយតម្លៃសក្ដានុពលសម្រាប់គម្រោងថាមពលសូឡាខ្នាតធំ និងការរួមបញ្ចូល និងការគ្រប់គ្រងប្រព័ន្ធសូឡានៅលើដំបូល ដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ខេត្តមកពីក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា។
តាមរយៈការលើកកម្ពស់សមត្ថភាពក្នុងការរៀបចំផែនការ និងគ្រប់គ្រងគម្រោងថាមពលកកើតឡើងវិញ អូស្ត្រាលីកំពុងជួយកម្ពុជាបន្តអភិវឌ្ឍវិស័យថាមពលប្រកបដោយចីរភាព ដែលនាំមកនូវអត្ថប្រយោជន៍ដល់គ្រួសារ អាជីវកម្ម និងសេដ្ឋកិច្ចជាតិ។