capred
ព័ត៌មាន និងករណីសិក្សា

ដំណាប់ស្វាយស្ងួតកម្ពុជាមានវត្តមានលើទីផ្សារអូស្ត្រាលី

ដំណាប់ស្វាយស្ងួតកម្ពុជាមានវត្តមានលើទីផ្សារអូស្ត្រាលី

ស្ថានទូតអូស្ត្រាលី និងក្រុមហ៊ុន គីរីរម្យ ហ្វ៊ូដ ប្រដាក់សិន (ខេ.អេហ្វ.ភី) បានសម្រេចនូវជោគជ័យនៃភាពជាដៃគូពាណិជ្ជកម្មថ្មីមួយ ជាមួយនឹងការនាំចេញដំណាប់ស្វាយស្ងួតកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី។

 

នេះ គឺជាការនាំចេញលើកដំបូងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេលវែង (២០២៤-២០៣០) រវាងក្រុមហ៊ុន ខេ.អេហ្វ.ភី និងតំណាងចែកចាយលក់ដុំដ៏ធំមួយដែលមានទីតាំងនៅក្នុងប្រទេសអូស្ត្រាលី ដែលកិច្ចព្រមព្រៀងនេះជួយត្រួសត្រាយផ្លូវសម្រាប់ការផ្គត់ផ្គង់ស្វាយស្ងួតកម្ពុជា ទៅកាន់ហាងទំនិញល្បីៗនៅទូទាំងប្រទេសអូស្ត្រាលី។

 

លោក ដេរិក  យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនៃការនាំចេញនេះ គឺជាភស្តុតាងដែលបង្ហាញពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង អូស្ត្រាលី។ ភាពជាដៃគូនេះ ក៏បានបង្ហាញពីរបៀបនៃការគាំទ្រដែលផ្តោតសំខាន់លើគោលដៅ និងភាពជាដៃគូក្នុងវិស័យឯកជន ក្នុងការបង្កើតទីផ្សារថ្មីៗ និងធ្វើឲ្យប្រសើរឡើងនូវភាពប្រកួតប្រជែងក្នុងវិស័យកសិ-ចំណីអាហាររបស់កម្ពុជា។ ការនាំចេញដំណាប់ស្វាយស្ងួតនេះ គឺស្របទៅនឹងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្រ្តាលីដល់ត្រឹមឆ្នាំ ២០៤០ ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអូស្ត្រាលី និងបណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍»។ 

 

លោកស្រី ឈន ដាលីស នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេ.អេហ្វ.ភី បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សក្នុងការនាំយកស្វាយស្ងួតរបស់កម្ពុជាទៅកាន់អតិថិជនអូស្ត្រាលី។ ភាពជាដៃគូរបស់យើងជាមួយអូស្ត្រាលី មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិករបស់យើងជាង ១៧០០ នាក់ ដែលក្នុងចំណោមនោះមានបុគ្គលិកជាស្ត្រីចំនួន ៦០ ភាគរយ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយបង្កើនប្រាក់ចំនូលដល់កសិករខ្នាតតូច និងធ្វើឲ្យប្រសើរឡើងនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជាសម្រាប់ផលិតផលដែលមានគុណភាពផងដែរ»។

 

កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះ អាចកើតឡើងដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្តា្រលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលបានជួយក្រុមហ៊ុន ខេ.អេហ្វ.ភី ដើម្បីជម្រុញការត្រៀមខ្លួនរួចរាល់ក្នុងការនាំចេញ ក៏ដូចជាបង្កើនបណ្តាញទំនាក់ទំនងធុរកិច្ចជាមួយអូស្ត្រាលីផងដែរ។ 

 

ភាពជោគជ័យនេះ កើតឡើងស្របគ្នាទៅនឹងការតម្លើងខ្សែច្រវាក់ផលិតកម្មទឹកស្វាយកែច្នៃលើកដំបូងរបស់កម្ពុជា នៅក្នុងក្រុមហ៊ុន ខេ.អេហ្វ.ភី តាមរយៈការគាំទ្របច្ចេកទេសពីអូស្ត្រាលី។ ម៉ាស៊ីនខ្សែច្រវាក់ផលិតកម្មថ្មីនេះ អនុញ្ញាតឲ្យមានភាពច្នៃប្រឌិតក្នុងការកែប្រែកាកសំណល់ផ្លែស្វាយទាំងនោះទៅជាផលិតផលដែលមានតម្លៃ។ វាក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុន ខេ.អេហ្វ.ភី អាចទិញផ្លែស្វាយពីកសិករដោយមិនគិតពីទំហំ ដើម្បីកែច្នៃទៅជាទឹកស្វាយកែច្នៃ និងភេសជ្ជៈស្វាយទុំ ដែលអាចផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

 

អូស្ត្រាលី បន្តជួយសហគ្រាសកម្ពុជាក្នុងការពង្រីកសក្តានុពលនាំចេញរបស់ពួកគេ។ ក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលីបានឈានដល់ ១,១ ពាន់លានដុល្លារអាមេរិក ដោយជាង ៧០ ភាគរយនៃពាណិជ្ជកម្មនេះ គឺជាផលិតផលរបស់កម្ពុជាដែលនាំចេញទៅប្រទេសអូស្ត្រាលី។

 

ការនាំចេញដំណាប់ស្វាយស្ងួតចំនួន ២០ តោននេះ ធ្វើឡើងបន្ទាប់ពីការនាំចេញនាពេលថ្មីៗនេះនូវផ្លែឈើស្ងួត និងគ្រាប់ស្វាយចន្ទីកែច្នៃរួច ដោយក្រុមហ៊ុន Royal Trust Trading និងការនាំចេញអង្ករដោយក្រុមហ៊ុន Amru Rice។ ប្រទេសអូស្ត្រាលីនៅតែប្តេជ្ញាចិត្តគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និរន្តភាព និងភាពធន់របស់ប្រទេសកម្ពុជា និងជួយដល់អ្នកផលិតក្នុងវិស័យកសិកម្មដើម្បីកែច្នៃកសិ-ចំណីអាហារក្នុងស្រុកឲ្យបានកាន់តែច្រើន សម្រាប់នាំចេញទៅកាន់ទីផ្សារសកលលោកដែលមានតម្លៃខ្ពស់។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖

 

មាតិកាដែលពាក់ព័ន្ធ

អូស្រ្តាលី ជំរុញការវិនិយោគបៃតងដើម្បីធ្វើឲ្យវិស័យកសិ-ចំណីអាហារនៅកម្ពុជាកាន់តែរីកចម្រើន

អូស្រ្តាលី ជំរុញការវិនិយោគបៃតងដើម្បីធ្វើឲ្យវិស័យកសិ-ចំណីអាហារនៅកម្ពុជាកាន់តែរីកចម្រើន


ស្វែង​យល់​បន្ថែម
អូស្ត្រាលីកំពុងជួយពង្រឹងសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

អូស្ត្រាលីកំពុងជួយពង្រឹងសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា


ស្វែង​យល់​បន្ថែម
កម្ពុជាពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារដែលទទួលស្គាល់ដោយអន្តរជាតិ

កម្ពុជាពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារដែលទទួលស្គាល់ដោយអន្តរជាតិ


ស្វែង​យល់​បន្ថែម