capred
ព័ត៌មាន និងករណីសិក្សា

ក្រសួងឧស្សាហកម្ម សហការជាមួយអូស្ត្រាលី ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងវិស័យកម្មន្តសាលនៅកម្ពុជា

ក្រសួងឧស្សាហកម្ម សហការជាមួយអូស្ត្រាលី ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងវិស័យកម្មន្តសាលនៅកម្ពុជា

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា តាមរយៈកម្មវិធី CAPRED បានសហការរៀបចំសិក្ខាសាលាស្តីពី “ភាពប្រកួតប្រជែងវិស័យកម្មន្តសាល ឧស្សាហកម្មប្រតិគមន៍ និងការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម” ក្នុងគោលដៅលើកកម្ពស់ភាពប្រកួតប្រជែងវិស័យកម្មន្តសាលរបស់កម្ពុជា។

 

ឧស្សាហកម្មផ្នែកកម្មន្តសាលមានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់នៅកម្ពុជា ប៉ុន្តែវិស័យនេះត្រូវបានមើលឃើញថានៅបន្តពឹងផ្អែកខ្លាំងលើការនាំចូលវត្ថុធាតុដើម ដែលទាមទារការអភិវឌ្ឍបន្ថែម ដើម្បីបង្កើនភាពប្រកួតប្រជែងជាសាកល។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងប្រើប្រាស់លទ្ធភាពរបស់ខ្លួន រួមនឹងជំនាញរបស់កម្មវិធី CAPRED ដើម្បីរៀបចំបង្កើតឧបករណ៍ អភិវឌ្ឍគោលនយោបាយ និងកម្មវិធីដែលមានប្រសិទ្ធភាព ចាំបាច់សម្រាប់ការធ្វើពិពិធកម្មវិស័យកម្មន្តសាល ជំរុញខ្សែច្រវាក់ ផ្គត់ផ្គង់ក្នុងស្រុក និងលើកកម្ពស់ការធ្វើសមាហរណកម្មសហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់តម្លៃសាកល។

 

      ក្នុងសុទ្ទរកថាបើសិក្ខាសាលានៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “វិស័យកម្មន្តសាលរបស់កម្ពុជាមានសក្តានុពលធំធេង សម្រាប់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។ សិក្ខាសាលានេះមានគោលបំណងប្រែក្លាយចំណេះដឹង និងជំនាញ ទៅជាយុទ្ធសាស្ត្រដែលអាចអនុវត្តបាន ក្នុងគោលដៅលើកកម្ពស់វិស័យកម្មន្តសាលកម្ពុជាឱ្យឈានឆ្ពោះទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍ។”

 

      លោក អនឌ្រីស សាប្រាក ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “ប្រទេសអូស្ត្រាលីប្ដេជ្ញាចិត្តគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មរបស់កម្ពុជា។ តាមរយៈការពង្រឹងភាពប្រកួតប្រជែងវិស័យកម្មន្តសាល យើងកំពុងបង្កើតឱកាសសម្រាប់អាជីវកម្មក្នុងស្រុកនានាឱ្យរីកចម្រើន និងសម្រាប់វិបុលភាពរបស់ប្រជាជនកម្ពុជា។”

 

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានបេសកកម្មជំរុញការអភិវឌ្ឍ និងឧស្សាហូបនីយកម្មនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងវិស័យកម្មន្តសាល ក្រសួងបាននិងកំពុងជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការអភិវឌ្ឍហេថារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីសម្រួលដល់ការធ្វើសមាហរណកម្មក្រុមហ៊ុនក្នុងស្រុកទៅក្នុងខ្សែច្រវាក់តម្លៃសាកល ព្រមទាំងគំនិតផ្តួចផ្តើម ដូចជា ការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យមជាដើម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រសួងមានគោលដៅកាត់បន្ថយការពឹងផ្អែកលើការនាំចូល ជំរុញការបង្កើតការងារ និងរួមចំណែកដល់ការកសាងខឿនសេដ្ឋកិច្ច ដែលកាន់តែមានភាពធន់ និរន្តរភាព និងបរិយាបន្ន សម្រាប់កម្ពុជា។

 

កម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្ត្រាលី លើកម្ពស់គំនិតផ្តួចផ្តើមទាំងនេះ ដោយផ្តល់ការគាំទ្រផ្នែកគោលនយោបាយ និងជំនួយចាំបាច់ក្នុងវិស័យសំខាន់ៗ រួមមានការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការលើកកម្ពស់សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមជាដើម។

 

 

មាតិកាដែលពាក់ព័ន្ធ

ការគាំទ្ររបស់អូស្ត្រាលីជួយជំរុញផលិតកម្មកាហ្វេនៅកម្ពុជា

ការគាំទ្ររបស់អូស្ត្រាលីជួយជំរុញផលិតកម្មកាហ្វេនៅកម្ពុជា


ស្វែង​យល់​បន្ថែម
អូស្ត្រាលីកំពុងជួយកសិករដំណាំម្រេចនៅខេត្តត្បូងឃ្មុំឱ្យទទួលបានការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ

អូស្ត្រាលីកំពុងជួយកសិករដំណាំម្រេចនៅខេត្តត្បូងឃ្មុំឱ្យទទួលបានការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ


ស្វែង​យល់​បន្ថែម
អូស្ត្រាលីគាំទ្រកសិករអង្ករកម្ពុជាក្នុងការទទួលបានទីផ្សារពិភពលោក

អូស្ត្រាលីគាំទ្រកសិករអង្ករកម្ពុជាក្នុងការទទួលបានទីផ្សារពិភពលោក


ស្វែង​យល់​បន្ថែម